Tuesday, July 6, 2010

ការពង្រីកបណ្តាញទេសចរណ៌នៅក្នុងប្រទេសកម្ពុជាក្រៅតំបន់សៀមរាបអង្គរ


ការពង្រីកបណ្តាញទេសចរណ៌នៅក្នុងប្រទេសកម្ពុជា
ក្រៅតំបន់សៀមរាបអង្គរ
កម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍទៅលើគ្រប់វិស័យដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តគោល នយោបាយ នៃការពង្រីកវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជា និងដើម្បីជួយជ្រោមជ្រែងដល់ សហគ្រិនយើងឲ្យកាន់ តែយល់ច្បាស់អំពីវិស័យនេះឲ្យកាន់តែយល់ច្បាស់ចំពោះអាជីវកម្ម ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ ឲ្យកាន់តែរីក ចម្រើន។
១. បទយកការណ៍
បើយើងសង្កេតទៅលើជីវភាពប្រចាំថ្ងៃរបស់ជនជាតិភាគតិច នាភូមិភាគ ឥសាន គឺជាសក្តានុពលដ៏ល្អ បំផុត សម្រាប់ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចព្រះរាជាណា ចក្រកម្ពុជា ក្នុងន័យនេះហើយ ទើបរាជរដ្ឋាភិបាលបច្ចុប្បន្នបាននឹង កំពុងផ្សព្វផ្សាយ ពីគោលការណ៍ពង្រីកបណ្តាញផ្សព្វផ្សាយពីទស្សនៈកិច្ចដ៏ទៃៗទៀត ក្នុងផ្ទៃប្រទេស បាននឹងកំពុងខិតខំ អភិវឌ្ឍប្រទេសកម្ពុជា លោក ម៉េង ហ៊ាង នាយកក្រុមហ៊ុនទេសចរណ៍ EXOTISSIMO បានមានប្រសាសន៍ថា យុទ្ធសាស្រ្តផ្សេងៗក្រៅពីការអភិវឌ្ឍន៍តំបន់សៀមរាបអង្គរ គាត់បានបង្កើតយុទ្ធសាស្រ្តថ្មីមួយ គឺលោកបាននាំអ្នក ទេសចរណ៍ធ្វើទស្សនៈកិច្ចតាមខេត្តផ្សេងៗ ដូចជា ខេត្តរតនគីរី មណ្ឌលគីរី និងព្រះសីហនុជាដើម។ លោកបានមានប្រសាសន៍ បន្ថែមទៀតថា វាសឹងតែគ្មានសម្ភារៈ ដូចជាភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ជាដើម ដែលភ្ញៀវទេសចរណ៍ចោទសួរគាត់ នេះហើយជាចំណោទបញ្ហាដែលធ្វើឲ្យ តំបន់នោះមិនមានភាពរីកចម្រើនបាន។ លោកបានបន្តទៀតថា កន្លែងខ្លះមានប៉ុន្តែវាមិនអាចឆ្លើយតបទៅនឹងតម្រូវការភ្ញៀវទេសចរណ៍បរទេស ដោយគុណភាព នៅខ្សោយផ្ទុយទៅវិញកន្លែងបែបនោះជាកន្លែងអស្ចារ្យសម្រាប់រូបលោក ទោះណាជាមិនមាន សណ្ឋាគារ កន្លែងហូប ចុកល្អ វាទៅជាកន្លែងមួយដែលទទួលការទាក់ទាញពីអ្នកវិនិយោគ ដើម្បីធ្វើការអភិវឌ្ឍន៍ទៅលើតំបន់នោះឲ្យរីកចម្រើន លោកក៏បានចាប់ ផ្តើមធ្វើឲ្យតំបន់ទាំងនោះ ក្លាយជាតំបន់ទក់ទាញភ្ញៀវទេសចរណ៍ឲ្យកាន់តែច្រើន ឡើងថែមទៀត។ លោកបន្ថែមទៀតថា ឥឡូវនេះ ដំណើរការយុទ្ធសាស្រ្តរបស់លោក កំពុងដំណើរការយ៉ាងល្អប្រសើរ។ ការអះអាងរបស់លោក ម៉េង ហ៊ាង ក៏មិនខុសពីម្ចាស់ក្រុមហ៊ុនផ្សេងៗទៀតដែរ តួយ៉ាងដូចជា អ្នកស្រី ឈឹម សូរីយ៉ា នាយិការក្រុមហ៊ុនទេសចរណ៍ AMARITA ក៏បានសិក្សាស្វែងយល់ និងចុះទៅពិនិត្យទិដ្ឋភាពជាក់ស្តែងជុំវិញលទ្ធភាព ដើម្បីបម្រើសេវាកម្មទេសចរណ៍ក្នុងតំបន់ភូមិភាគឥសាននេះ អ្នកស្រីបានសង្កេតឃើញថា ការធ្វើដំណើរមានភាព ល្អប្រសើរចំពោះផ្លូវ ប៉ុន្តែ បើរាជរដ្ឋាភិបាល អាជ្ញាធរពាក់ព័ន្ធមិនបានយកចិត្តទុកដាក់ ថែរក្សាផ្លូវនោះទេ ផ្លូវនោះនឹង ទទួលរងនូវការខូចខាតជាមិនខានក្នុងរយៈពេលឆាប់ៗខាងមុខនេះ ដោយ សារតែផ្លូវឡើងភ្នំ ចុះភ្នំ និងទទួលរងនូវការ ច្រោះពីទឹកភ្លៀង ជាហេតនាំឲ្យផ្លូស្រុតបាក់ ប្រសិនបើរៀងរាល់ឆ្នាំ យើងមិនបានចូលរួមថែរក្សាវាទេ នោះនឹងខូចដូចពី ពេលមុនដដែល។ ចំពោះការស្នាក់នៅ អ្នកស្រីបានមានប្រសាសន៍ថា មានការយល់ច្រើនពីម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ថាតើខ្លួនគាត់ជាម្ចាស់ត្រូវធ្វើរបៀបណា ដើម្បីឲ្យការ ស្នាក់នៅរបស់ភ្ញៀវមានផាសុខភាព។ អ្នកស្រី បន្តទៀតថា ផ្លូវដែលគាត់ធ្វើដំណើរទៅ ពោបាកមែនទែន នៅតាមបណ្តោយពួកគាត់ បានជជែកគ្នាលេង ដើម្បីបង្វែរ អារម្មណ៍ពីភាពភ័យខ្លាចមកភាពសប្បាយរីករាយវិញ។ ដោយសារតែផ្លូវមានគំហុកធំៗ មានតែឡានដំរីទឹកទេទើបអាច ទៅដល់។ រាជរដ្ឋាភិបាលនឹងធ្វើផ្លូវនេះឡើងវិញ ដើម្បីឲ្យ ការធ្វើដំណើរបានស្រួល ពីតំបន់សែនមនោរម្យទៅដល់ទឹក ជ្រោះប៊ូស្រា។ អ្នកស្រីមានភាពសប្បាយរីករាយ នៅពេលដែលពួកគាត់បានទៅដល់ទឹកជ្រោះប៊ូស្រាដោយ ជោគជ័យ។ ភាពលំបាកធ្វើដំណើរនេះនឹងត្រូវបានដោះស្រាយនាខែ មករា ឆ្នា ២០០៥។ លោក ឧកញ៉ា កែវ ឡា ទីប្រឹក្សាសម្តេច ធម្មពោធិសាល ជា ស៊ីម បានកសាង ផ្លូវចំងាយ ៣៦ គីឡូម៉ែត ពីតំបន់សែនមនោរម្យទៅកាន់តំបន់ទឹកជ្រោះប៊ូស្រា ដោយ ទុនវិនិយោគចំនួន ៦លានដុល្លា លោកក៏កំពុងសាងសង់សណ្ឋាគារមួយឈ្មោះ សែនមនោរម្យ លំដាប់ផ្កាយបី នៅទីនោះផងដែរ។ នេះជាការឆ្លើយតបទាន់ពេលវេលាចំពោះសេចក្តីអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ឡាយ ព្រហស្ថ រដ្ឋមន្ត្រីក្រសួទេសចរណ៍ មានប្រសាសន៍ថា តំបន់ឥសានត្រូវតែមានការចាត់ចែង ហើយបញ្ហាគឺថា វិស័យឯកជនមានភាពជ្រួតជ្រាបណាស់ ដោយមានការណែនាំ ពីក្រសួងទេសចរណ៍ ដោយរៀបចំជាខ្សែកញ្ចប់ ទស្សនៈកិច្ច ហើយភ្ញៀវទេសចរណ៍ អាចនៅបានយូរ ហើយទៅបានឆ្ងាយ កាលណាអនុវត្តបានដូចនេះរឹតតែល្អដោយជះ ឥទ្ធិពលលើការកាត់បន្ថយភាពក្រីក្រ ការចំណាយរបស់ភ្ញៀវទេសចរណ៍ ទាំងក្នុង និងក្រៅស្រុក គឺថាទៅដល់កន្លែងណា គឺគាត់ចំណាយ ចំពោះការស្នាក់នៅ ការហូបចុក ការដឹកជញ្ជូន ជួនកាលគាត់ទិញរបស់របរតតូចតាចក្តី វានឹងទទួល បានប្រាក់ចំណេញ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះ។ ក្រុមហ៊ុនទេសចរណ៍ AMARITA ដែលដឹកនាំ ដោយអ្នកស្រី ឈឹម សូរីតា និងក្រុមហ៊ុនទេសចរណ៍ EXOTISSIMO ដែលដឹកនាំ ដោយលោក ម៉េង ហ៊ាង បាននឹងកំពុង ធ្វើការ សិក្សាដើម្បីបញ្ជូនភ្ញៀវទេសចរណ៍ ទៅកាន់តំបន់ភូមិភាគឥសាន។ ក្រសួងទេសចរណ៍តែងតែលើកទឹកចិត្តដល់ក្រុមហ៊ុន ទេសចរណ៍ទាំងអស់ទាំងក្រៅស្រុក ទាំងក្នុងស្រុក ឲ្យធ្វើការបណ្តាក់ទុននៅក្នុងតំបន់ ទាំងឡាយ ហើយដោយឡែក តំបន់ឥសានក៏ដូច្នេះដែរ។ ចំពោះការងារទេសចរណ៍ នេះមានការគាំពារពីគ្រប់មជ្ឈដ្ឋានទាំងអស់ ទាំងពីប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ភ្នាក់ងារមានសមត្ថកិច្ច និងក្រសួងដែលពាក់ព័ន្ធជាដើម។ លោក ម៉េង ហ៊ាង នាយក ក្រុមហ៊ុន ទេសចរណ៍ EXOTISSIMO មានគម្រោងធ្វើ ECO TOURISM LOG ជាផ្ទះសំណាក់ របៀបនៅតាមជនបទ ហើយតាម ព្រៃភ្នំប្រហែលជា ៣០ បន្ទប់។ ដូច្នេះ ជាបណ្តើរៗ តំបន់ភូមិភាគឥសាននៅមានហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ដែល អាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដើម្បីរបកគំហើញរមណីយដ្ឋានដ៏ល្អ ប្រណិតនេះ។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិឲ្យបានច្រើន ក្រសួងទេស ចរណ៍បានផ្សាយ ស្ពត ចំនួន ៣០ វិនាទី នៅលើកញ្ចក់ទូរទស្សន៍ CNN ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៧ វិច្ឆិកា ២០០៤ ស្របពេលព្រះរាជពិធីបុណ្យអុំទូក។

២. កិច្ចពិភាក្សារវាងតំណាងក្រសួងទេសចរណ៍ និងអ្នកជំនួញខាងផ្នែកវិស័យទេសចរណ៍
មានម្ចាស់ក្រុមហ៊ុនទេសចរណ៍មួយចំនួនត្អួញត្អែថា ពួកគាត់តែងតែជួបប្រទះនូវការលំបាក នៅពេលដែលពួកគាត់ នាំភ្ញៀវទេសចរណ៍ទៅកាន់តំបន់ឆ្ងាយៗ នៅក្នុងប្រទេសកម្ពុជា យើងដូចជាខ្វះខាតមន្ទីរពេទ្យ អាហារដ្ឋាន និង ផ្លូវថ្នល់ ជាដើម ចំពោះបញ្ហានេះ តើរាជរដ្ឋាភិបាលយើងដោះស្រាយយ៉ាងណាដើម្បីឲ្យសមស្របទៅនឹងគោលនយោបាយ ក្នុង ការពង្រីកបណ្តាញទេសចរណ៍ក្នុងប្រទេសលម្ពុជា?
ដោយមានការចូលរួមបកស្រាយយ៉ាងពេញទំហឹងពី ឯកឧត្តម រិត ចាន់ថា ទីប្រឹក្សាផ្ទាល់សម្តេចពញាចក្រី ហេង សំរិន ជាប្រធាននាយកដ្ឋានអប់រំបណ្តុះបណ្តាលនៃក្រសួងទេសចរណ៍ អ្នកស្រី ទុយ នាយិកាក្រុមហ៊ុនទេសចរណ៍ FIRST TRAVEL និងលោក អ៊ំ ឃឹម អនុប្រធាននាយកដ្ឋានឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍។
តាមប្រសាសន៍របស់ ឯកឧត្តម រិត ចាន់ថា យល់ឃើញថា មានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីការអភិវឌ្ឍន៍វិស័យ ទេសចរណ៍នៅក្នុងតំបន់ភូមិភាគឥសាននេះគឺជាគោល បំណងមួយក្នុងទិសដៅជាច្រើនរបស់ក្រសួងទេសចរណ៍ ដែលក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតាមតំបន់ផ្សេងៗ។ ដូច្នេះ ក្រសួងទេសចរណ៍ក៏ដូចជារាជរដ្ឋាភិបាលមិនមែន អភិវឌ្ឍតែតំបន់ក្រៅអង្គរ និងអង្គរប៉ុណ្ណោះទេ ព្រមទាំងតំបន់ឆ្នេរ ដើម្បីឲ្យ វិស័យទេសចរណ៍មានភាពរីកចម្រើនទូទាំង ប្រទេស។ ចំពោះអ្នកស្រី ទុយ យល់ឃើញថា ជាការល្អណាស់ ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ឲ្យរីកចម្រើន ក៏ប៉ុន្តែរាជរដ្ឋាភិបាលមានគោលនយោបាយយ៉ាងដូចម្តេច ដើម្បីថែទាំព្យាបាលធនធានធម្មជាតិឲ្យបានគង់ វង្សយូរអង្វែង។ ការឆ្លើយតបពីតំណាងក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួង ទេសចរណ៍មានផែនការយ៉ាងច្បាស់លាស់ ដើម្បីធ្វើការអភិរក្សតំបន់ធម្មជាតិ ដូចជាតំបន់មានត្រីផ្សោត តំបន់ជនជាតិ ភាគតិច ដើម្បីរក្សាឲ្យបានស្ថិតនៅក្នុងធាតុដើម កុំឲ្យមានការបំផ្លិចបំផ្លាញ និងដើម្បីទុកជាសក្តានុពលមួយសម្រាប់ អូសទាញភ្ញៀវទេសចរណ៍មកទស្សនា។ លោក អ៊ំ ឃឹម បានបន្ថែមថា ចំពោះមុខយើងខិតខំធ្វើយ៉ាងណាជំរុញគំលួស ភ្ញៀវចេញពីតំបន់ប្រវត្តិ សាស្រ្ត ដូចជាអង្គរសៀមរាប ដែលភ្ញៀវទៅតែទិសដៅមួយកន្លែង យើងឲ្យភ្ញៀវទៅទិសដៅ ផ្សេងៗទៀត ដែលជារមណីដ្ឋានបែបធម្មជាតិ។ បញ្ហានេះ ក្រសួងទេសចរណ៍ បានត្រៀមរួចជាស្រេច ដោយរាជ រដ្ឋាភិបាល រៀបចំហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ សន្តិសុខ សណ្តាប់ធ្នាប់ និងធានាសុវត្ថិភាពគ្រប់ទីកន្លែង។ ដើម្បីអនុវត្ត ទិសដៅនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ពោធបើកការដ្ឋានផ្លូវមួយតភ្ជាប់ ពីខេត្តក្រចេះ ទៅខេត្តស្ទឹងត្រែង និងពីស្ទឹងត្រែងទៅដល់ព្រំដែនឡាវ។ ក្រុមហ៊ុន FIRST TRAVEL TOURISM ធ្លាប់បាននាំភ្ញៀវ ទេសចរណ៍ទៅកាន់តំបន់ភូមិភាគឥសានផងដោយ អ្នកស្រីមានប្រសាសន៍ថា អ្នកស្រីស្គាល់តំបន់នោះដោយសារអ្នកស្រី ធ្លាប់នាំថ្នាក់ដឹកនាំពីថៃធ្វើផែនការអភិវឌ្ឍតំបន់នោះសម្រាប់រយៈពេល ៥ឆ្នាំ។ ប៉ុន្តែសម្រាប់អ្នកស្រី បានអានឯកសារតាម ដែលថ្នាក់ដឹកនាំធ្វើឲ្យ ព្រោះគាត់ដឹងថាម្តុំណាល្អ ហើយអ្នកស្រី អាចនាំភ្ញៀវទៅទស្សនាបាន។ ចំពោះសេវាកម្មម្ហូប អាហារ និងការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍អ្នកស្រីបានរៀបចំ និងផ្តល់ដល់នៅតំបន់នោះជាស្រេច ជាពិសេស ចំពោះ កន្លែងស្នាក់នៅ។ ឥឡូវនេះ ខេត្តរតនគីរី ដូចជាផ្តល់អំណោយផលច្រើន ពីព្រោះមានសណ្ឋាគារល្អៗ ដោយអ្នកស្រីយក បុគ្គលិកមគ្គុទេសចេញពីភ្នំពេញ។
ក្រសួងទេសចរណ៍ក៏បានរៀបចំបើកវគ្គមគ្គុទេសទេសចរណ៍ សម្រាប់តំបន់នីមួយៗ ដែលកន្លងមកមិនមាននោះទេ ក្រសួងគ្រាន់តែបើកនៅតំបន់សៀមរាប និងភ្នំពេញ តែ ឥឡូវនេះក្រសួងបានបើកតាមបណ្តាខេត្តបា ៤, ៥ ខេត្តហើយ ក្រសួងនឹងធ្វើការបើកបន្តបន្ទាប់ដើម្បីធានាថា ជូនភ្ញៀវទេសចរណ៍ទៅទស្សនៈកិច្ចនៅតាមតំបន់នីមួយៗ។ ចំពោះ បញ្ហា វិនិយោគពីវិស័យឯកជនគឺពឹងផ្អែកទៅលើកិច្ចសន្យា ពីព្រោះថាកិច្ចសន្យាមានប្រសិទ្ធ ភាពក្នុងការកំណត់រយៈពេលរំលោះ និងការបញ្ចប់អាណត្តិនៃការគ្រប់គ្រងលើគម្រោងវិនិយោគរបស់ខ្លួន ដូច្នេះកិច្ចសន្យាមានចែងកំណត់អំពីតម្លៃ ដែលអ្នក វិនិយោគត្រូវទទួលបានវិញពីការវិនិយោគរបស់គាត់ និងរយៈពេលដែលគាត់រំលោះ។ ដើម្បីជួយដល់វិស័យឯកជន ក្រសួងទេសចរណ៍ មានការវិនិយោគលើវិស័យនេះ សង្ឃឹមច្រើនលើវិស័យឯកជន ដើម្បីគិតថា ធ្វើយ៉ាងណាដើម្បី ទាក់ទាញអ្នកវិនិយោគចូលរួមក្នុងការវិនិយោគលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធនេះ។ អ្នកស្រី ទុយ បានមានប្រសាសន៍បន្ត ទៀតថា ការធ្វើដំណើរ ការស្នាក់នៅ មិនចោទជាបញ្ហានោះឡើយ ប៉ុន្តែបញ្ហាមួយទៀតនោះគឺបញ្ហាមន្ទីរពេទ្យ នៅមាន ភាពខ្វះខាត។ ដើម្បីធ្វើការអភិវឌ្ឍន៍វិស័យទេសចរណ៍ឯកឧត្តម រិត ចាន់ បាន មានប្រសាសន៍បន្ថែមថា វិស័យ ទេសចរណ៍ជាវិស័យមួយដែលទាមទារជំនាញច្បាស់លាស់ បើទោះបីជាយើងបើកសណ្ឋាគារក្តី ភោជនីយដ្ឋានក្តី ភ្នាក់ងារទេសចរណ៍ក្តី សេវាកម្មខាងដឹកជញ្ជូនក្តី យើងត្រូវគោរពឲ្យបាននូវកម្រិតអន្តរជាតិ ព្រោះថាភ្ញៀវទេសចរណ៍របស់ យើងភាគច្រើនជាភ្ញៀវទេសចរណ៍បរទេស ធ្លាប់ដើរច្រើនប្រទេសដូចជា មកពីអ៊ឺរ៉ុប អាមេរិច តំបន់អាស៊ីក្តី គាត់ ធ្លាប់ចូលទៅស្នាក់នៅ នៅបណ្តាប្រទេសផ្សេងៗ គាត់ធ្លាប់សេវាកម្មរបស់គេ ដូនេះគាត់ស្គាល់ច្បាស់អំពីកម្រិតអន្តរជាតិ យើងផ្តោតសំខាន់ ទៅលើគុណភាពពីរ គឺហេដ្ឋារចនាសម្ព័ន្ធ និងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស។ គោលនយោ បាយអភិវឌ្ឍរបស់នាយកដ្ឋានឧស្សាហកម្មទេសចរណ៍មានគោលនយោបាយ អភិវឌ្ឍលើគោលដៅទេសចរណ៍ថ្មីៗ គឺជា កត្តាសំខាន់ ទន្ទឹមនឹងការអភិវឌ្ឍន៍នេះយើងត្រូវមានគោលការណ៍ការពារបរិស្ថាន ធ្វើយ៉ាងណាការអភិវឌ្ឍន៍ កុំឲ្យប៉ះ ពាល់ដល់បរិស្ថាន ហើយជាពិសេសវិស័យទេសចរណ៍ ពឹងផ្អែកសំខាន់ទៅលើវប្បធម៌ធម្មជាតិ ដូចនេះបណ្តាផ្នែក ទាំង នេះ ក៏ត្រូវទាមទារឲ្យមានការថែរក្សា និងការពារដែរ ហើយប្រសិនបើធ្វើឲ្យខូចបង់ តម្លៃវប្បធម៌ប្រវត្តសាស្ត្រក៏ដូចជា ធម្មជាតិ នោះការអភិឌ្ឍន៍វិស័យទេសចរណ៍ក៏គ្មានគុណភាបដែរ។ មានការខ្វះខាតខ្លះចំពោះការស្វែងយល់របស់វិស័យ ឯកជន និងក្រសួងទេសចរណ៍ សំខាន់ទៅលើអ្នកផ្តល់សេវា ដោយអ្នកផ្តល់សេវាមិនដឹងអ្នកធ្វើសេវាកម្មចង់បានសេវា អ្វី ចំពោះអ្នកត្រូវការសេវាមិនដឹងថាខ្លួនត្រូវការសេវាអ្វីដែរ ដូចនេះ ដើម្បីដោះស្រាយសូមក្រុមហ៊ុនឯកជន ដែលចង់នាំ ភ្ញៀវទៅកាន់តំបន់ទេសចរណ៍ ណាមួយនោះ សូមេត្តាទាក់ទងទៅក្រសួងទេសចរណ៍នៅតំបន់នោះ គេនឹងផ្តល់ ពត៌មានគ្រប់ទាំងអស់ ។ ក្រសួងទេសចរណ៍ មានមោទនភាពផងដែរដោយក្រសួងបានធ្វើការចាក់ផ្សាយ ស្ពត នៅលើ កញ្ចក់ទូរទស្សន៍ CNN ដែលផ្តល់សារៈប្រយោជន៍យ៉ាងច្រើនដល់វិស័យទេសចរណ៍ ជូនពត៌មានដល់ភ្ញៀវបរទេសឲ្យបាន ជ្រាប ដោយទន្ទឹមនឹងការរៀបចំពិធីបុណ្យអុំទូក ដែលជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដើម្បីអូសទាញភ្ញៀវមកទស្សនា ព្រះរាជាណាចក្រកម្ពុជា។ ការពិភាក្សាររវាងក្រុមហ៊ុនឯកជន និងក្រសួងទេសចរណ៍មានការស្វែងយល់យ៉ាងច្រើនពីគ្នា ទៅវិញទៅមកនឹងរូបមន្តសហការជាមួយគ្នា ដើម្បីធ្វើ ការអភិវឌ្ឍន៍វិស័យនេះឲ្យមានភាពរីកចម្រើនកាន់តែខ្លាំង។

៣. សហគ្រិនទទួលជោគជ័យ
លោក ឡឺ ហេង ជាម្ចាស់រោងពុម្ព ឡឺ ហេង បានបើកដំណើការអាជីវកម្មរបស់គាត់ តាំងពីឆ្នាំ ១៩៩៣ មកម្លេះ ដែលលោកចាប់ផ្តើមបើកដំបូងមានតែម៉ាស៊ីនបោះពុម្ពពីរ និងម៉ាស៊ីនកាត់ពីរ សុទ្ធតែម៉ាស៊ីនចិនទាំងអស់ពុំទាន់មានភាព ទំនើបនៅឡើយ។ គាត់បាន នាំអ្នកជំនាញមកពីប្រទេសចិន ដើម្បីបង្ហាត់បង្រៀនអ្នកនៅប្រទេសខ្មែរ ដែលធ្វើឲ្យកូនខ្មែរ ទទួលបានចំនេះដឹងយ៉ាងច្បាស់លាស់ពីអ្នកជំនាញ ក្រោយពីបុគ្គលិកចេះហើយ អ្នកជំនាញក៏ត្រឡប់ទៅប្រទេសចិនវិញ។ ពេលបើកដំបូងមានបុគ្គលិកតែ ២០នាក់ប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្ននេះមានបុគ្គលិករហូតដល់ទៅ ជាង ៤០ នាក់។ បើតាមប្រសាសន៍របស់លោក ឡឺ ហេង មានប្រសាសន៍ថា រោងពុម្ពនេះទទួលបានជោគជ័យ ដោយសារកត្តាពីរយ៉ាងគឺ
« កត្តាទី១ នាំអ្នកមានជំនាញច្បាស់លាស់មកបង្ហាត់បង្រៀននិយោជិត ចំពោះបច្ចេកទេសម៉ាស៊ីន លោកបាននាំមកពី ប្រទេសអាល្លឺម៉ង់ដែលមានខ្នាតធំ ទំនើបជាងរោងពុម្ពដ៏ទៃទៀត។
« កត្តាទី២ សេវាកម្មផលិតរហ័សទាន់ចិត្ត ដោយប្រគល់ទំនិញជូនអតិថិជនទាន់ពេលវេលា ដែលអតិថិជនត្រូវការ និង សេវាកម្មដឹកជញ្ជូនដល់ទីកន្លែង។
លោកមានគម្រោងនឹងពង្រីកទីតាំងឲ្យធំទូលាយ និងធ្វើបន្ថែមជាន់ខាងលើមួយជាន់ទៀតដើម្បីងាយស្រួលក្នុងការធ្វើការងារ ឲ្យស្របទៅតាមតម្រូវការរបស់អតិថិជន និង មានគម្រោងទិញម៉ាស៊ីនទំនើបៗបន្ថែមទៀតដូចជា ម៉ាស៊ីនបត់ ម៉ាស៊ីនបោះពុម្ពទំនើបៗជាងមុន។
៤. វិភាគ និងបកស្រាយ
តាមការសិក្សាស្រាវជ្រាវស្តីអាជីវកម្មឈានមុខ ទៅលើប្រធានបទការពង្រីកបណ្តាញទេសចរណ៍ក្រៅតំបន់ សៀម រាបអង្គរ យើងអាចធ្វើការវិភាគបានថាតើ បញ្ហាអ្វីខ្លះដែលត្រូវប្រឈម និងត្រូវដោះស្រាយដើម្បីទទួលបាននូវភាព ជោគជ័យ ទៅលើអាជីវកម្មនីមួយៗ។ ជាការពិតណាស់ម្ចាស់អាជីវកម្មទាំងអស់សុទ្ធតែមានគោ ដៅដូចគ្នាគឺធ្វើយ៉ាងណា ឲ្យដំណើរការអាជីវកម្មរបស់ខ្លួនទួលបាននូវភាពជោគជ័យ និងទទួលបាននូវប្រាក់ចំណេញខ្ពស់ ព្រមទាំងទទួលបាននូវ កេរ្តឈ្មោះនៅលើទីផ្សារទៀតផង។ ដើម្បីឆ្លើយតបទៅនឹងគោលដៅទាំងនេះតើម្ចាស់អាជីវកម្មនីមួយៗត្រូវ អនុវត្តនូវផែន ការ និងគោលការយ៉ាងដូចម្តេច? ដោយយោងទៅតាមការបកស្រាយ យ៉ាងក្បោះក្បាយពីតំណាងក្រសួងទេសចរណ៍ បានឲ្យដឹងថា អាជីវកម្មទទួលបានជោគជ័យទៅបានគឺអាស្រ័យកត្តាជាច្រើនដូចជា សេដ្ឋកិច្ច ការប្រកួតប្រជែង គំនិតច្នៃ ប្រឌិត មូលធន ជំនាញ នយោបាយ និងបច្ចេកវិជ្ជាថែមទៀតផង។ កត្តាទាំងអស់ នេះមានជះឥទ្ធិលយ៉ាងខ្លាំងដល់ ដំណើរការអាជីវកម្ម។ ដូច្នេះ ដើម្បីអនុវត្តផែនការអាជីវកម្មឲ្យមានប្រសិទ្ធភាព និងដំណើរការអាជីវកម្មដែលប្រឈមទៅ នឹងហានិភ័យ ទាប ត្រូវធ្វើការពិចារណាយ៉ាងម៉ត់ចត់ទៅលើកត្តាខាងលើនេះ។ ជាពិសេសម្ចាស់អាជីវកម្មត្រូវមាន ផែនការច្បាស់ក្នុង ការជួលអ្នកមានជំនាញ មានសមត្ថភាពបំពេញការងារ និងបំពេញសេវាកម្មឲ្យទាន់ពេលវេលា និងតម្រូវការរបស់អតិថិជនប្រកបដោយសីលធម៌ខ្ពស់។ ម្យ៉ាងវិញទៀត ម្ចាស់អាជីវកម្មត្រូវតែពិចារណាផងដែរទៅលើ 4W & 1 H (ផលិតអ្វី What, នណាជាអ្នកទិញ Who, លក់នៅឯណា Where, លក់នៅពលណា When, និង លក់ដោយរបៀបណា How) ទាំងនេះហើយគឺជាតួនាទី យ៉ាងសំខាន់របស់អាជីវករក្នុងការអនុវត្តទៅលើដំណើរការ អាជីវ កម្មរបស់ខ្លួន។មិនតែប៉ុណ្ណោះ ត្រូវអនុវត្ត និងរក្សាស្ថេរភាពឲ្យបាន នូវសកម្មភាពអាជីវកម្ម ព្រមទាំងបង្កើនយុទ្ធសាស្រ្ត ឈ្នះៗ ដើម្បីធ្វើការប្រកួតប្រជែងជាមួយដៃគូទាំងក្នុងស្រុក និងក្រៅស្រុក និងធ្វើការសហការជាមួយនឹងអាជ្ញាធរ និងក្រ សួងដែលពាក់ព័ន្ធ ដើម្បីទទួលយកនូវបទពិសោធន៍ ក៏ដូចជាពត៌មានផ្សេងៗដែលធ្វើឲ្យដំណើការអាជីវកម្ម ទទួលបាន នូវភាពជោគជ័យប្រកបដោយប្រសិទ្ធិភាពនិងភាពសាកសិទ្ធិ។


សន្និដ្ឋាន

ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍទៅលើគ្រប់វិស័យ ទាំងហេដ្ឋារចនា សម្ព័ន និងការវិនិយោគជាមួយបរទេស ដើម្បីវិវត្តន៍ខ្លួនទៅរកភាពស៊ីវីល័យ ដើរឲ្យទាន់សកលភាវូបនីយកម្ម។ រាជរដ្ឋាភិបាលកម្ពុជាកំពុងធ្វើការយកចិត្តទុកដាក់ យ៉ាង ខ្លាំងទៅលើវិស័យទេសចរណ៍។ កម្ពុជាមិនត្រឹមតែធ្វើការអភិវឌ្ឍន៍វិស័យទេសចរណ៍នៅតែតំបន់អង្គរប៉ុណ្ណោះទេ ថែមទាំងធ្វើការអភិវឌ្ឍន៍យ៉ាងពេញទំហឹងទៅលើតំបន់ទេសចរណ៍ផ្សេងៗក្រៅតំបន់សៀមរាបអង្គរ ជាពិសេសតំបន់ ជនបទ ដាច់ស្រយាលដូចជាតំបន់នាភូមិភាគឥសាន គឺជាសក្តានុពលដ៏ល្អបំផុតសម្រាប់ការអភិវឌ្ឍន៍ខឿនសេដ្ឋកិច្ច ព្រះ រាជាណាចក្រកម្ពុជា។ ការអភិវឌ្ឍន៍ទៅលើតំបន់បានផ្តល់ ផលប្រយោជន៍យ៉ាងច្រើនដល់កម្ពុជាជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះ ផ្ទាល់តែម្តង។ ផលប្រយោជន៍ទាំងនោះរួមមាន ផ្តល់ការងារ ដែលធ្វើឲ្យជីវភាពគ្រួសារ របស់ មានភាពរីកចម្រើនមួយកម្រិត, បង្កើនសោភ័ណភាពតំបន់នោះឲ្យមានភាពទាក់ទាញ និងទទួលបាននូវការទស្សនាយ៉ាង ច្រើនពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។ ម្យ៉ាងវិញទៀតដោយមានការខិតខំយ៉ាងស្វិតស្វាញពីក្រុមហ៊ុន ទេសចរណ៍ផ្សេងៗ ដែលបានសិក្សាស្រាវជ្រាវទៅលើភូមិសាស្ត្រ និងមានគំនិតអភិវឌ្ឍប្រកបដោយ ភាពច្នៃប្រឌិត លេច ចេញនូវស្នាដៃដ៏អស្ចារ្យសម្រាប់សង្គមជាតិ និងរក្សាទុកឲ្យកូនចៅជំនាន់ក្រោយៗបានដឹង និងយកគំរូតាមដើម្បី ចូលចំណែកក្នុងការអភិវឌ្ឍន៍ខ្លួនឯង គ្រសារ និងសង្គមជាតិទាំងមូល។